Month: July 2020

រួបរួម ទោះនៅកន្លែងផ្សេងគ្នា

មាន​ពេល​មួយ​លោក​អាល់វីន(Alvin) បាន​ចូល​រួម​នៅ​ក្នុង​គម្រោង​មួយ ជា​មួយ​លោក​ធីម(Tim) ដែល​ជា​មិត្ត​រួម​ការងារ ហើយ​ក៏​បាន​ជួប​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ ដោយ​សារ​គាត់ និង​លោក​ធីម មាន​គំនិត​ខុស​គ្នា នៅ​ក្នុង​ការ​អនុវត្តន៍​គម្រោងនោះ។ ពួក​គេ​មាន​ការ​គោរព​ចំពោះ​ទស្សនៈ​ដែល​ពួក​គេ​មាន​ខុស​ពី​គ្នា ប៉ុន្តែ របៀប​ដែល​ពួក​គេ​ធ្វើ​ការ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ខ្លាំង បាន​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ហាក់​ដូច​ជា​មិន​អាច​ជៀស​រួច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មុន​ពេល​ដែល​ជម្លោះ​កើត​មាន អ្នក​ទាំង​ពីរ​ព្រម​ទៅ​ពិភាក្សាជា​មួយ​ចៅ​ហ្វាយ​របស់​ខ្លួន។ ហៅ​ហ្វាយ​របស់​ពួក​គេ​ក៏​បាន​ដាក់​អ្នក​ទំាង​ពីរ​ឲ្យ​នៅក្នុង​ក្រុម​ផ្សេង​គ្នា។ នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វ័យ។ ​នៅ​ថ្ងៃ​នោះ លោក​អាល់វីន​បាន​រៀន​នូវ​មេរៀន​មួយ​គឺ : ​ពួក​គេ​នៅតែ​អាច​ធ្វើ​ការ​រួម​គ្នា ទោះ​ពួក​គេ​នៅ​ក្រុម​ផ្សេង​គ្នា​ក៏​ដោយ​។​

លោក​អ័ប្រាហាំ​ប្រាកដ​ជា​បាន​យល់​សេចក្តី​ពិត​នេះ​ផង​ដែរ ពេល​ដែល​គាត់​ប្រាប់​លោក​ឡុត ឲ្យ​បែក​ផ្លូវ​គ្នា នៅ​តំបន់​បេតអែល​(លោកុប្បត្តិ ១៣:៥-៩)។ លោក​អ័ប្រាហាំ​បាន​សង្កេត​ឃើញ​ថា នៅ​ទីនោះ​គ្មាន​ស្មៅ​គ្រប់​គ្រាន់​សម្រាប់​ហ្វូង​សត្វរបស់​គាត់ និង​ហ្វូង​សត្វ​របស់​លោក​ឡុត​ឡើយ ដូច​នេះ គាត់​ក៏​បាន​ស្នើ​លោក​ឡុត​ឲ្យ​រស់​នៅ​កន្លែង​ផ្សេង​គ្នា ប៉ុន្តែ ជាដំបូង គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា ពួក​គេ​ជា “បង​ប្អូន​សាច់​ជិត”(ខ.៨) ដើម្បី​រំឭក​លោក​ឡុត អំពី​ទំនាក់​ទំនង​ដែល​គាត់មាន​ជា​មួយ​គ្នា។ បន្ទាប់​មក គាត់​មាន​ការ​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង ដោយ​អនុញ្ញាត​ឲ្យ​លោក​ឡុត​ដែល​ជា​ក្មួយ​ប្រុស ធ្វើ​ការ​ជ្រើស​រើស​ទី​កន្លែង​មុន​(ខ.៩) ​ទោះ​​គាត់​មាន​វ័យ​ចាស់​ជាង​ក៏​ដោយ។ គ្រូ​គង្វាល​ម្នាក់​បាន​ពិពណ៌នា​ថា នេះ​ជា​ការ “បែកផ្លូវ​គ្នា​យ៉ាង​សុខ​ដុម”។​

រឿង​នេះ​បាន​បង្រៀន​យើង​ថា យើង​នៅ​តែ​អាច​មាន​ការ​រីក​ចម្រើន​ ទោះ​យើង​បម្រើ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ​ផ្សេង​គ្នា តាម​របៀប​ខុស​គ្នា​ក៏​ដោយ។ ការ​រួប​រួម​នៅ​តែ​អាច​មាន ទោះ​យើង​មាន​លក្ខណៈ​ផ្សេង​គ្នា។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើងមិន​ត្រូវ​ភ្លេច​ឡើយ​ថា យើង​នៅ​តែ​ជា​បង​ប្អូន ក្នុង​មហា​គ្រួសារ​នៃ​ព្រះ។ យើង​ប្រហែល​ជា​ធ្វើ​ការ​តាម​របៀប​ខុស​ពី​គ្នា…

ភាពចម្រុះនៃពណ៌សម្បុរ

ទីក្រុង​ឡុងដ៍​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ប្រជាជន​ចម្រុះជាតិសាសន៍​ច្រើន​ជាង​គេ នៅ​លើ​ពិភព​លោក អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ កាល​ពី​ឆ្នាំ​១៩៣៣ លោក​គ្លីន រ៉ូបឺត(Glyn Roberts) ដែលជា​អ្នក​ការសែត បាន​សរសេរ អំពី​ទីក្រុង​ដ៏​អស្ចារ្យនៃ​ប្រទេស​អង់​គ្លេស​ថា “ខ្ញុំ​នៅ​តែ​គិត​ថា ភាព​ចម្រុះនៃ​មនុស្ស​គ្រប់​ពណ៌​សម្បុរ និង​ភាសារ គឺ​ជា​ចំណុច​ល្អ​បំផុត​នៃ​ទីក្រុង​ឡុងដ៍”។ ភាព​ចម្រុះ​នោះ នៅ​តែ​បន្ត​មាន​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ ដោយ​មាន​ក្លិន សម្លេង និង​រូប​ភាព​ចម្រុះ​គ្នា ក្នុង​សហគមន៍​នៃ​ពិភព​លោក។ សម្រស់​នៃ​ភាព​ចម្រុះ​នេះ គឺ​ជា​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ របស់​ទីក្រុង​មួយ ដែល​ស្ថិត​ក្នុងចំណោម​ទីក្រុង​ដែល​អស្ចារ្យ​បំផុត​របស់​ពិភព​លោក។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទីក្រុង​ឡុងដ៍ នៅ​តែ​ជួប​បញ្ហា ដូច​ទីក្រុង​ដទៃ​ទៀត ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន។ ការ​ផ្លាស់ប្តូរ​បាន​នាំ​មក​នូវ​បញ្ហា​ប្រឈម។ ជួន​កាល វប្បធម៌​ផ្សេង​គ្នា​មាន​ការ​ប៉ះ​ទង្គិច​គ្នា។ ហេតុ​នេះ​ហើយ គ្មាន​ទីក្រុង​ណា​មួយដែល​មនុស្ស​បាន​បង្កើត អាច​ប្រៀប​ធៀប​នឹង​ភាព​អស្ចារ្យ​នៃ​ស្ថាន​ ដែល​ជា​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង​បាន​ឡើយ។​

ពេល​ដែល​សាវ័ក​យ៉ូហាន​ចូល​ទៅ​ក្នុង​ព្រះវត្ត​មាន​ព្រះ​ នៅ​នគរ​ស្ថាន​សួគ៌ ភាព​ចម្រុះ​ជាតិ​សាសន៍ ស្ថិត​ក្នុង​ចំណោម​ធាតុ​ផ្សំ​ជា​ច្រើន នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​នគរ​ស្ថាន​សួគ៌ បានជាអ្នក​ដែលបានទទួលសេចក្តី​សង្រ្គោះ​ បាន​ច្រៀង​សរសើរ​ថា “ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​និង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី”(វិវរណៈ ៥:៩-១០)។

សូម​យើង​ស្រមៃ​អំពី​នគរ​ស្ថាន​សួគ៌ ដែល​មាន​មនុស្ស​ចម្រុះ​ជាតិ​សាសន៍…

មិនឆក់ឱកាសរកប្រយោជន៍ផ្ទាល់ខ្លួន

មាន​អ្នក​ទោស​មួយ​ចំនួន​បាន​ដើរ​រើស​សម្រាម​តាម​ផ្លូវ ដើម្បី​កាត់​បន្ថយ​រយៈ​ពេល​ជាប់​ពន្ធ​ធនា​គារ។ ពេល​នោះ លោក​ចេមស៍(James) ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​របស់​ពួក​គេ​ស្រាប់​តែ​ដួល​ទៅ​លើ​ដី។ ពួក​គេ​ក៏​បាន​ប្រញាប់​ទៅ​ជួយ​គាត់ ហើយ​ក៏​បាន​ដឹង​ថា គាត់​ត្រូវ​ការ​ការ​សង្រ្គោះ​បន្ទាន់។ មាន​អ្នក​ទោស​ម្នាក់​ក៏​បាន​ខ្ចី​ទូរស័ព្ទ​របស់​លោក​ចេមស៍ ដើម្បី​ទូរស័ព្ទ​សុំ​ជំនួយ។ ក្រោយ​មក នាយក​ដ្ឋាន​ប៉ូលីស​ក៏​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ ចំពោះ​អ្នក​ទោស​ទាំង​នោះ សម្រាប់​ការ​ជួយ​អ្នក​មើល​ការ​ខុស​ត្រូវ​របស់​ខ្លួន ឲ្យ​បាន​ទទួល​ការ​ព្យាបាល ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ជា​ពិសេស នៅ​ពេល​ដែល​ពួកគេ​អាច​ព្រងើយ​កន្តើយ​ចំពោះ​គាត់ ដោយ​ទុក​ឲ្យ​គាត់​ដេក​ដួល​តែ​ម្នាក់​ឯង ដោយ​សារ​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬឆ្លៀត​ឱកាស​រត់​គេច​ខ្លួន។​

ចិត្ត​សប្បុរស​ធម៌​របស់​ពួក​អ្នក​ទោស​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជាប់​គុក។ បន្ទាប់​ពី​ពួក​គេ​ត្រូវ​គេ​វាយ​ដំ ហើយ​បោះ​ចូល​ទៅ​ក្នុង​គុក ស្រាប់​តែ​មាន​រញ្ជួយ​ដី​កើត​ឡើង ធ្វើ​ឲ្យ​របូត​ច្រវ៉ាក់ ហើយ​ទ្វារគុក​ក៏​បាន​របើក(កិច្ចការ ១៦:២៣-២៦)។ ពេល​ដែល​អ្នក​យាម​គុក​ភ្ញាក់​ឡើង​ គាត់​ស្មាន​ថា អ្នក​ទោស​បាន​រត់​គេច​អស់​ហើយ ដូច​នេះ គាត់​ក៏​បាន​ដក​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន (ដើម្បី​ជៀស​វាង​ការ​ទទួល​ទោស​ប្រហារ​ជីវិត ពីបទ​បណ្តោយ​ឲ្យ​អ្នក​ទោស​រត់​គេច)។ ពេល​នោះ សាវ័ក​ប៉ុល​ក៏​បាន​ស្រែក​ប្រាប់​គាត់​ថា “កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ”(ខ.២៨) អ្នក​យាម​គុក​រូប​នោះ​ក៏​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទង្វើរ​របស់​ពួក​គេ ដែល​ខុស​ពី​អ្នក​ទោស​ជា​ទូទៅ ធ្វើ​ឲ្យ​គាត់​មាន​ការ​ចង់​ដឹង​ចង់​យល់ អំពី​ព្រះ​ដែល​ពួក​គេ​ថ្វាយ​បង្គំ ហើយ​ទី​បំផុត​គាត់​ក៏បាន​ទទួល​ជឿ​ព្រះ​អង្គ​ផង​ដែរ​(ខ.២៩-៣៤)។

របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ គឺ​បាន​បង្ហាញ​ចេញ​នូវ​សេច​ក្តី​ជំនឿ​របស់​យើង និង​អ្វី​ដែល​យើង​ឲ្យ​តម្លៃ។ ពេល​ណា​យើង​សម្រេច​ចិត្ត​ធ្វើ​ការ​ល្អ ជា​ជាង​ធ្វើ​អាក្រក់​មក​លើ​គេ នោះ​ទង្វើរ​របស់​យើង​នឹង​ជំរុញ​គេ ឲ្យ​ចង់​ដឹង​ចង់​យល់​ អំពី​ព្រះ​ដែល​យើង​ស្គាល់ និង​ស្រឡាញ់។​—KIRSTEN HOLMBERG

ផ្លូវនៃជីវិតថ្មី ដែលជាសេចក្តីចំកួត

មាន​រឿង​ខ្លះ​ដែល​យើង​មិន​យល់ ទាល់​តែ​យើង​បាន​ជួប​រឿង​នោះ​ខ្លួន​ឯង។  កាល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កូន​ដំបូង ខ្ញុំ​បាន​អានសៀវភៅ​ជា​ច្រើន ដែល​និយាយ​អំពី​ការ​ប្រសូត្រ និង​ស្តាប់​ស្រ្តី​ជា​ច្រើន​នាក់​ចែក​ចាយ​បទ​ពិសោធន៍ ដែល​ពួក​គេ​ធ្លាប់​ឆ្លង​កាត់ នៅ​ក្នុង​ការ​ពរពោះ និង​ឆ្លង​ទន្លេ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​អាច​ស្រមៃ​ថា បទ​ពិសោធន៍​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ទេ។ ​អ្វី​ដែល​រូប​កាយ​ខ្ញុំ​នឹង​ធ្វើ​នៅ​ពេល​នោះ ហាក់​ដូច​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​បាន។​

ក្នុង​បទ​គម្ពីរ ១កូរិនថូស សាវ័ក​ប៉ុល​បាន​បង្រៀន​អំពី​ការ​ចាប់​កំណើត ចូល​នគរ​ព្រះ គឺ​សេចក្តី​សង្រ្គោះ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​តាម​រយៈ​ព្រះ​គ្រីស្ទ។ អ្នក​ដែល​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ចាប់​កំណើត​នោះ ហាក់​ដូច​ជា​មិន​អាច​យល់អំពី​រឿង​នេះ។ សម្រាប់​អ្នក​ដែល​កំពុង​វិនាស ដំណឹង​ល្អ​ពី​ឈើ​ឆ្កាង គឺ​ជា “សេចក្តីចំកួត” ព្រោះគេ​មិន​ជឿ​ថា សេចក្តី​សង្រ្គោះ​អាច​កើត​មាន ពី​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​សញ្ញា​សំគាល់​នៃ​ភាព​កម្សោយ បរា​ជ័យ និង​ការ​បន្ទាប​បន្ថោ​កនោះឡើយ។ ប៉ុន្តែ សាវ័ក​ប៉ុល​នៅ​តែ​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្តី​សង្រ្គោះ ទោះ​គេ​គិត​ថា វា​ជា​សេចក្តី​ចំកួត​ក៏​ដោយ។​

អ្នក​មិន​ជឿ​​នឹក​ស្មាន​ថា សេចក្តី​សង្រ្គោះ​នឹង​មាន​លក្ខណៈ​ដូច​ម្តេច​ឡើយ។ អ្នក​ខ្លះ​គិត​ថា សេចក្តី​សង្រ្គោះ នឹង​កើត​មានតាម​រយៈ​អ្នក​ដឹក​នាំ​នយោបាយ​ដ៏​រឹង​មាំ ឬ​តាម​រយៈ​ទីសំគាល់​នៃ​ការ​អស្ចារ្យ។ អ្នក​ខ្លះ​ទៀត​គិត​ថា ជោគ​ជ័យ​នៅ​ក្នុង​ការ​សិក្សា ឬ​ទស្សន​វិជ្ជា គឺ​ជា​សេចក្តី​សង្រ្គោះ​របស់​ពួក​គេ​(១កូរិនថូស ១:២២)។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ប្រទាន​សេចក្តី​សង្រ្គោះ តាម​របៀប​មួយ ដែល​មាន​តែ​អ្នក​ជឿ និង​អ្នក​ដែល​បាន​ពិសោធន៍​នឹង​សេចក្តី​សង្រ្គោះ​ទេ ដែល​អាច​យល់​បាន។

ព្រះ​ជាម្ចាស់​ប្រើ​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​រឿង​ខ្មាស់​អៀន និង​ទន់​ខ្សោយ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ប្រាជ្ញា និង​អំណាច​ចេស្តា។ ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​នូវ​រឿង​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។…

មិត្តភក្តិដែលបានធ្វើខុស

កាល​ពី​ថ្ងៃទី​២៧ ខែ​វិច្ឆិការ ឆ្នាំ១៩៣៩ អ្នក​ស្វែង​រក​កំណប់ បាន​ទៅ​ជីក​កាយ​ថ្នល់​កៅ​ស៊ូ នៅ​ក្រៅ​រង្គ​មណ្ឌល​ហូលីវូត បូល ក្នុង​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វូញ៉ា ដោយ​មាន​អ្នក​ថត​សកម្មភាព​នៃ​ការ​ជីក​កំណប់​នោះ​ ធ្វើ​ជា​វីដេអូ​ឯក​សារ។​ ពួក​គេ​បាន​ស្វែង​រក​កំណប់របស់ខាន​ហុង​ហ្កាផាស ដែល​មាន​មាស ពេជ្យ និង​គុជ​ខ្យង ព្រោះ​មាន​ពាក្យ​ចចាម​អារាម​ថា កាល​ពី​៧៥​ឆ្នាំ​មុន គេ​បាន​កប់​វា​នៅ​កន្លែង​នោះ។​ ពួក​គេ​រក​កំណប់​នោះ​មិន​ឃើញ​ឡើយ។ បន្ទាប់​ពី​ការ​ជីក​កាយ​អស់២៤​ថ្ងៃ ពួក​គេ​ក៏​បាន​ជីក​ប៉ះ​ថ្មធំ​មួយ​ផ្ទាំង ហើយ​ពួក​គេ​ក៏​បាន​ឈប់​ជីក​ទៀត។ អ្វី​ដែល​ពួក​គេ​សម្រេច​បាន គឺ​រណ្តៅ​ដែលមាន​ទទឹង​ជិត​៣​ម៉ែត្រ និង​ជម្រៅ​ជិត​១៣​ម៉ែត្រ។ ពួក​គេ​ក៏​បាន​ដើរ​ចេញ​ដោយ​ការ​សោក​ស្តាយ។​

វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​យើង​មាន​កំហុស នៅ​ពេល​ខ្លះ។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ថា យុវជន​ម្នាក់​ឈ្មោះ​ម៉ាកុស បាន​ចាក​ចោល​សាវ័ក​ប៉ុល និង​​លោក​បាណាបាស ក្នុង​ដំណើរ​បេសក​កម្ម​នោះ  “ហើយ​មិន​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ទៀត”។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​មិន​ចង់​យក​គាត់​ទៅ​ជា​មួយ ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ក្រោយ​ឡើយ (កិច្ចការ ១៥:៣៨) ហើយការ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា ជា​មួយ​លោក​បាណាបាស។

លោក​ម៉ាកុស​បាន​បរាជ័យ កាល​ពីដំបូង ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ។ ហេតុ​នេះ​ហើយ ពេល​ដែល​សា​វ័កប៉ុល​កំពុង​មាន​ភាព​ឯកោ នៅ​ក្នុង​គុក មុន​ពេល​គាត់​អស់​ជីវិត គាត់​បាន​សុំ​គេ​ឲ្យ​យក​លោក​ម៉ាកុស​ទៅ​ជា​មួយ ហើយ​បានមាន​ប្រសាសន៍​ថា “លោក​ម៉ាកុស​មាន​ប្រយោជន៍​នៅ​ក្នុង​ការងារ​របស់​គាត់”(២ធីម៉ូថេ ៤:១១)។ ព្រះ​ជា​ម្ចាស់​ថែម​ទាំង​បាន​បណ្តាល​ចិត្ត​លោក​ម៉ាកុស ឲ្យ​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស​ទៀត​ផង។

ទី​បន្ទាល់​នៃ​ជីវិត​របស់​លោក​ម៉ាកុស បាន​បង្ហាញ​យើង​ថា ព្រះ​ជា​ម្ចាស់​មិន​ទុក​ឲ្យ​យើង​ប្រឈម​មុខ​ដាក់​កំហុស និង​បរាជ័យ​របស់​យើង…

ការរង់ចាំព្រះអង្គឆ្លើយតប

នៅ​ក្រៅ​បង្អួច​ផ្ទះ​បាយ​របស់​ខ្ញុំ មាន​សត្វ​ចាប​រូប៊ីន​មួយ​ក្បាល បាន​ធ្វើ​សំបុក នៅ​ក្រោម​ជាយ​ដំបូល​ដែល​លយ​ចេញ​ក្រៅ។ ខ្ញុំ​ចូល​ចិត្ត​មើល​វា​ពាំ​ស្មៅ​មក​ចាក់​ធ្វើ​សំបុក​ដ៏​សុខ​សាន្ត ហើយ​បន្ទាប់​មក​វា​ចូល​ទៅ​ក្រាប​ពង​នៅ​ខាង​ក្នុង។ រៀងរាល់​ពេល​ព្រឹក ខ្ញុំ​តែង​តែ​ទៅ​អើត​មើល​សំបុក្រ​វា ប៉ុន្តែ មិន​ទាន់​ឃើញ​ពង​វា​ញាស់។ ក្រោយ​មក ខ្ញុំ​ដឹង​ថា ពង​សត្វ​ចាប​រូប៊ីន​នឹង​ញាស់ បន្ទាប់​ពី​វា​ក្រាប​ពង​បាន​២​សប្តាហ៍។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​ខ្ញុំ​ត្រូវ​ការ​ភាព​អត់​ធ្មត់។ ខ្ញុំ​តែង​តែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​រង់​ចាំ ជា​ពិសេស នៅ​ក្នុង​ការ​អធិស្ឋាន។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​បាន​រង់​ចំា​ជិត​៥​ឆ្នាំ ទំរាំ​តែ​អាច​ទទួល​ចិញ្ចឹម​កូន​ទីមួយ​របស់​យើង។ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន អ្នក​ស្រី​ខាធ័ររីន ម៉ាស៊ល(Catherine Marshall) បាន​សរសេរ​ថា “ការ​អធិស្ឋាន គឺ​ប្រៀប​បាន​នឹង​ស៊ុត ដែល​មិន​ញាស់​ភ្លាម​ៗ បន្ទាប់​ពី​យើង​ទើប​តែ​បាន​ក្រាប​”។

លោក​ហោរា​ហាបាគុក​ក៏​មាន​ការ​តយុទ្ធ​នៅ​ក្នុង​ការ​រង់​ចាំ ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​គាត់​ផង​ដែរ។ គាត់​មាន​ភាព​នឿយ​ណាយ ចំពោះ​ភាព​ស្ងាត់​ស្ងៀម​របស់​ព្រះ​ជា​ម្ចាស់ នៅ​ពេល​ដែល​ចក្រ​ភព​បាប៊ីឡូន​ប្រព្រឹត្តិ​ដោយ​ភាព​ព្រៃ​ផ្សៃ​មក​លើ​នគរ​យូដា ដែល​ជា​នគរ​ខាង​ត្បូង គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត នៅ​ត្រង់​ទី​ចាំ​យាម ហើយ​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​ដូច​ម្តេច(ហាបាគុក ២:១)។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ឆ្លើយ​តប​ថា លោក​ហាបាគុក​ត្រូវ​រង់​ចាំ “ពេល​ដែល​ព្រះ​អង្គ​បាន​កំណត់”(ខ.៣) ហើយ​ក៏​បាន​បង្គាប់​គាត់​ឲ្យ​កត់​ទុក​នូវ​អ្វី​ដែល​ព្រះ​អង្គ​បាន​បើក​សម្តែង ដើម្បី​ឲ្យ​មនុស្ស​ជា​ច្រើន​ឆាប់​បាន​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ(ខ.២)។

ព្រះជា​ម្ចាស់​មិន​បាន​ប្រាប់​គាត់​ភ្លាម​ៗ អំពី “ពេល​កំណត់” ដែល​ចក្រភព​បាប៊ីឡូន​ដួលរលំ នៅ​៦​ទសត្សរ៍​ទៀត ដែល​ជារ​យៈ​ពេល​រង់​ចាំ​ដ៏​វែង ទំរាំ​តែ​ព្រះ​អង្គ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ។ ដូច​នេះ ជា​ញឹក​ញាប់ ព្រះ​អម្ចាស់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​ភ្លាម​ៗ​ឡើយ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​សម្រេច​បំណង​ព្រះ​ទ័យ…

ដូចដើមឈើដែលបង្កើតផលផ្លែជាបរិបូរ

ខ្ញុំ​តែង​តែ​មាន​ចិត្ត​ជា​អ្នក​សន្សំ​វត្ថុ​ដែល​ខ្ញុំ​ចូល​ចិត្ត។ កាល​ពី​ក្មេង ខ្ញុំ​បាន​សន្សំ​តែម​សំបុត្រ កាត​បេសប៊ល និង​សៀវភៅរឿង​ប្រឌិត។ ឥឡូវ​នេះ ក្នុង​នាម​ជា​ឪពុក​ម្នាក់ ខ្ញុំ​ក៏​បាន​ឃើញ​កូន​ៗ​ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​ខ្ញុំ​ផង​ដែរ។ ជួន​កាល​ ខ្ញុំឆ្ងល់​ថា តើ​ក្មេង​ៗ​ត្រូវ​ការ​តុក្កតា​ខ្លា​ឃ្មំ​ថេឌី​បន្ថែម​ទៀត​ទេ? ជា​ការ​ពិត​ណាស់ ការ​ស្វែង​រក​របស់​បន្ថែម មិន​មែន​ដោយ​សារ​យើង​ត្រូវ​ការ​វា​នោះ​ឡើយ តែ​វា​ជា​របស់​ថ្មី​នោះ​មាន​ចំណុច​ទាក់​ទាញ​អ្វី​ម្យ៉ាង។ ឬ​ជួន​កាល យើង​ក៏​មាន​ការ​ចាប់​ចិត្ត​ចំពោះ​របស់​ចាស់​ៗ ឬ​អ្វី​ដែល​កម្រ​ផង​ដែរ។ ទោះ​មាន​អ្វី​ជាប់​នៅ​ក្នុង​ក្តី​ស្រមៃ​ក៏​ដោយ​ យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ជឿ​ថា បើយើង​មាន​របស់ “មួយ​នេះ ឬ​មួយ​នោះ” ជីវិត​យើង​នឹង​ល្អ​ជាង​មុន យើង​នឹង​សប្បាយ​ចិត្ត និង​ស្កប់​ចិត្ត។​

ប៉ុន្តែ របស់​ទាំង​នោះ​មិន​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ឡើយ។ ហេតុ​អ្វី? ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង​មក ឲ្យ​ស្កប់​ចិត្ត តាម​រយៈ​ព្រះអង្គ គឺ​មិន​មែន​ដោយ​សារ​របស់​របរ នៅ​ក្នុង​លោកិយ ដូច​ដែល​មនុស្ស​ភាគ​ច្រើន​គិត​នោះ​ឡើយ។​

បញ្ហា​ដ៏​តាន​តឹង​នេះ មិន​មែន​ទើប​តែ​កើត​មាន​ក្នុង​សម័យ​យើង​ឡើយ។ ជាក់​ស្តែង​ បទ​គម្ពីរ​សុភាសិត បាន​ធ្វើ​ការ​ប្រៀប​ធៀប​ជីវិត​ពីរ​ប្រភេទ : គឺ​ជីវិត ដែល​ដេញ​តាម​ទ្រព្យ​សម្បត្តិ និង​ជីវិត​ដែល​ស្រឡាញ់​ព្រះ និង​ចែក​រំលែក ដោយ​ចិត្ត​សប្បុរស​។ តាម​បទ​គម្ពីរ សុភាសិត ១១:២៨ ជីវិត​បែប​សម្ភារៈ​និយម គឺ​ជា​ជីវិត​ដែល​មិន​ចេះ​ស្កប់​ស្កល់ ហើយ​នឹង​ត្រូវ​ដួល​ចុះ តែ​ជីវិត​ដែល​រស់​នៅ​តាម​ព្រះ​ទ័យ​ព្រះ នឹង​ចម្រើន​ឡើង ដូច​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។​

នេះ​ជា​ការ​ប្រៀប​ធៀប​ដ៏​មាន​ន័យ! តើ​យើង​ចង់​រស់​នៅ ក្នុង​ជីវិត​ដែល​ចម្រើន​ឡើង និង​មាន​ផល​ផ្លែ ឬ​ជីវិត​ដែលប្រហោង​ក្នុង…

មានកម្លាំងជាថ្មី

លោក​រ៉ូបឺត ខូល(Robert Coles) ធ្លាប់​បាន​ធ្វើ​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ដែល​អស់​កម្លាំង​កាយ​ចិត្ត នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ មាន​គំរូ​មួយ​ដែល​ដូច​គ្នា។ ជា​ដំបូង ពួក​គេ​មាន​ការ​ហត់​នឿយ។ បន្ទាប់​មក  ពួក​គេ​មាន​គំនិត​អវិជ្ជ​មាន​ ហាក់​ដូច​ជា​មិន​ឃើញ​មាន​អ្វី​ប្រសើរ​ឡើង​។ ពួក​គេ​ក៏​មាន​ចិត្ត​ល្វីង​ជូរ​ចត់ អស់​សង្ឃឹម ពិបាក​ចិត្ត ហើយ​ទី​បំផុត​ពួក​គេ​ក៏​បាន​អស់​កម្លាំង​កាយ​ចិត្ត។

ខ្ញុំ​ធ្លាប់​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល ដែល​និយាយ​អំពី ភាព​ធូរ​ស្បើយ​បន្ទាប់​ពី​ក្តី​ស្រមៃ​រលាយ​អស់។ បន្ទាប់​មក ខ្ញុំ​ក៏បាន​ចូល​ទៅ​ក្នុង​រដូវ​កាល​ដ៏​មមាញឹក នៃ​ការ​បង្រៀន​តាម​សិក្ខា​សាលា។ ការ​ជួយ​អ្នក​ដទៃ ឲ្យ​រក​ឃើញ​ក្តី​សង្ឃឹម បន្ទាប់​​ពី​មាន​ភាព​អស់​សង្ឃឹម គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ ខ្ញុំ​ក៏​មាន​ការ​លះ​បង់​ច្រើន​ដែរ។​ ថ្ងៃ​មួយ ពេលដែល​ខ្ញុំ​ហៀប​នឹង​បោះ​ជំហាន​ឡើង​វេទិ​ការ ខ្ញុំ​គិត​ថា ខ្ញុំ​ហាក់​ដូច​ជា​ចង់​ងងឹត​មុខ​ដួល។ ខ្ញុំ​មិន​បាន​គេង​គ្រប់​គ្រាន់ ការ​ធ្វើ​ដំណើរ​វិស្សម​កាល មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ​ឡើយ ហើយ​កាល​ណា​ខ្ញុំ​គិត​អំពី​ពេល​ដែល​ខ្ញុំ​ស្តាប់​អ្នក​ដទៃ​និយាយអំពី​បញ្ហា​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ខ្ញុំ​កំពុង​តែ​ជួប​បញ្ហា ដូច​ដែល​លោក​ខូល​បាន​និយាយ​ហើយ។​

ព្រះ​គម្ពីរ​ប៊ីប​បាន​ផ្តល់​ឲ្យ​យើង​នូវ​យុទ្ធ​សាស្រ្ត​ពីរ​យ៉ាង ដើម្បី​ជម្នះ​ភាព​អស់​កម្លាំង​កាយ​ចិត្ត។ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤០ វិញ្ញាណ​ដែល​ខ្សោះ​អស់​កម្លាំង មាន​កម្លាំង​ជា​ថ្មី ពេល​ដែល​វិញ្ញាណ​នោះ​សង្ឃឹម​ដល់​ព្រះ​អម្ចាស់​(ខ.២៩-៣១)។ ដូច​នេះ ខ្ញុំ​ចាំ​បាច់​ត្រូវ​សម្រាក​ក្នុង​ព្រះ​ជាម្ចាស់ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ធ្វើ​ការ​ក្នុង​ខ្ញុំ ជា​ជាង​បន្ត​ពឹង​ផ្អែក​លើ​កម្លាំងខ្លួន​ឯង។ ហើយ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១០៣ បាន​ចែង​ថា ព្រះជា​ម្ចាស់​ប្រទាន​កម្លាំង​ជា​ថ្មី​មក​យើង ដោយ​ចម្អែតចិត្ត​យើង ដោយ​របស់​ល្អ​(ខ.៥)។ របស់​ល្អ​នោះ​គឺ​មាន​ដូច​ជា ការ​អត់​ទោស​បាប…

បុរសដែលមានចិត្តសប្បុរស

លោក​ឡេអុង(Leon) មាន​ការ​ស្រង៉ាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ចង់​មាន​ជីវិត​ដែល​មាន​ន័យ​ជាង​នេះ ដូច​នេះ គាត់​ក៏​បាន​លាឈប់​ពី​ការងារ​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ ថ្ងៃ​មួយ គាត់​បាន​ឃើញ​បុរស​អនាថា​ម្នាក់ កំពុង​តែ​ឈរ​កាន់​ផ្លាក​មួយ នៅ​ជ្រុង​ផ្លូវ ​ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា​ “សេចក្តី​សប្បុរស ​គឺ​ជា​ថ្នាំ​ដែល​ល្អ​បំផុត”។ លោក​ឡេអុង​ក៏​បាន​និយាយ​ថា “ពាក្យ​មួយ​ឃ្លា​នោះ បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ណាស់។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន”។

លោក​ឡេអុង​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ផ្តើម​ជីវិត​ថ្មី ដោយ​បង្កើត​អង្គការ​អន្តរជាតិ​មួយ ដើម្បី​លើក​កម្ពស់​សេចក្តី​សប្បុរស។ គាត់​បាន​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​មនុស្ស​ដែល​គាត់​មិន​ដែល​ស្គាល់ ដែល​មាន​ដូច​ជាអាហារ ប្រេង​ឥន្ធនៈ និង​កន្លែង​ស្នាក់​នៅ។ បន្ទាប់​មក គាត់​ក៏​បាន​ឲ្យ​រង្វាន់​ពួក​គេ តាម​រយៈ​អង្គការ​របស់​គាត់ ដោយ​ធ្វើ​អំពើ​សប្បុរស​ធម៌ ដូច​ជា​ការ​ចែក​អាហារ​ដល់​ក្មេង​កំព្រា ឬ​សង់​សាលា​រៀន​មួយ​ខ្នង​សម្រាប់​ក្មេង​ក្រី​ក្រ​ជា​ដើម។ គាត់​និយាយ​ថា “ជួន​គាល គេ​មើល​ឃើញ​ថា សេចក្តី​សប្បុរស គឺ​ជា​ភាព​ទន់​ខ្សោយ ប៉ុន្តែ តាម​ពិត សេចក្តី​សប្បុរស​គឺ​ជា​ចំណុច​ខ្លាំង​របស់​មនុស្ស”។​

ព្រះ​គ្រីស្ទ​គឺ​ជា​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​ទាំង​ស្រុង ដូច​នេះ តាម​ធម្មតា សេច​ក្តី​សប្បុរស​បាន​ហូរ​ចេញ​ពី​ព្រះ​អង្គ។ ខ្ញុំចូល​ចិត្ត​រឿង​មួយ ដែល​និយាយ​អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ពេល​ដែល​ព្រះ​អង្គ​ឃើញ​គេ​ហែរ​សព​របស់​កូន​ប្រុស របស់​ស្រ្តី​មេម៉ាយ​ម្នាក់​(លូកា ៧:១១-១៧)។ ជីវភាព​របស់​ស្រ្តី​មេម៉ាយ​ដ៏​កំសត់​នេះ ទំនង​ជា​ពឹង​ផ្អែក​ទៅ​លើ​ការ​ផ្គត់​ផ្គង់​របស់​កូន​ប្រុស​គាត់។ រឿង​នេះ​មិន​បាន​ប្រាប់​យើង​ថា មាន​នរណា​ម្នាក់​ទូល​សូម​ព្រះ​យេស៊ូវ ឲ្យ​ជួយ​គាត់​ឡើយ។ តែដោយ​ព្រះ​ទ័យ​ក្តួល​អាណឹត និង​សប្បុរស(ខ.១៣) ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​គាត់ ហើយ​ក៏​បាន​ប្រោស​កូនប្រុស​គាត់​ឲ្យ​រស់​ឡើង​វិញ។ ពេល​នោះ ពួក​បណ្តាជន​ក៏​បាន​ពោល​សរសើរ​ព្រះ​គ្រីស្ទ​ថា “ព្រះ​បាន​ប្រោស​រាស្រ្ត​ទ្រង់​ហើយ”(ខ.១៦)។—ANNE…

គ្រាន់តែផ្កាភ្លើងតែបន្តិចប៉ុណ្ណោះ

មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​និយាយ​ថា  “នាង​មើល​តាម​បង្អូច​បណ្ណាគារ​ ឃើញ​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​នៅ​ខាង​ក្រៅ”។ របៀប​នៃ​ការ​និយាយ​របស់​នាង​បាន​បង្ហាញ​ថា នាង​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច។ យើង​ក៏​ដឹង​ផង​ដែរ​ថា អគារ​មហា​វិទ្យាល័យ​របស់​នាង គឺ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត សម្រាប់​នាង និង​និស្សិត​ជិត​៣​ពាន់​នាក់។ កាល​ពី​ឆ្នាំ​២០១៨ ភ្លើង​ឆេះ​ព្រៃ​វូលសេយ បាន​រាល​ដាល​យ៉ាង​ឆាប់​រហ័ស លឿន​ជាង​ការ​រំពឹង​គិត​របស់​មនុស្ស​គ្រប់​គ្នា ជា​ពិសេស​ភ្នាក់​ងារ​ពន្លត់​អគ្គី​ភ័យ។ ឆ្នាំ​នោះ​តំបន​ជ្រលង​ភ្នំ នៅ​រដ្ឋ​កាលីហ្វូញ៉ា មាន​អាកាស​ធាតុ​ក្តៅ និង​ស្ងួត​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត ទន្ទឹម​នឹង​នោះ បូក​រួម​នឹង​ខ្យល់​បក់​បោក​ខ្លាំង​ខុស​ធម្មតា ពី​តំបន់​សាន់​តា អាណា បាន​នាំ​ផ្កា​ភ្លើង​តែ​បន្តិច ចូល​ទៅ​ដុត​បំផ្លាញ​ព្រៃឈើ អស់​៤​ម៉ឺន​ហិចតា និង​បំផ្លិច​បំផ្លាញ​សំណង់​អគារ​អស់​១៦០០​ខ្នង ហើយ​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់ បាត់​បង់​ជីវិត។​ នៅ​ក្នុង​រូប​ថត ដែល​គេ​បាន​ថត បន្ទាប់​ពី​គេ​បាន​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ភ្លើង​ឆេះ​ព្រៃ​នេះ យើង​ឃើញ​តំបន់​ឆ្នេរ​បាន​ប្រែក្លាយ​ជា​វាល​រហោ​ស្ថាន ដែល​ក្រៀម​ក្រោះ គ្មាន​ជីវិត ដូច​ផ្ទៃ​ដី​នៅ​ស្ថាន​ព្រះ​ច័ន្ទ។​

ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប អ្នក​និពន្ធ​បាន​និយាយ​អំពី​វត្ថុ​តូច​ៗ តែ​មាន​អំណាច​ណាស់ ដែល​មាន​ដូច​ជា ​ដែក​បង្ខាំ​ក្នុង​មាត់​សេះ និង​ចង្កូត​សំពៅ​(៣:៣-៤)។ យើង​ប្រហែល​ជា​ធ្លាប់​ស្គាល់​ឧបករណ៍​ទាំង​នេះ​ហើយ។ ប៉ុន្តែ គាត់​បាន​និយាយ​អំពី​វត្ថុ​ម្យ៉ាង ដែល​យើង​គ្រប់​គ្នា​សុទ្ធ​តែ​ស្គាល់ សុទ្ធ​តែ​មាន​ដូច​គ្នា គឺ​អណ្តាត។ ជំពូក​នោះ​បាន​បង្រៀន​គ្រូ​បង្រៀន​ព្រះ​បន្ទូល​ទំាង​ឡាយ មុន​គេ​(ខ.១) បន្ទាប់​មក ការ​បង្រៀន​នេះ​ក៏​សម្រាប់​យើង​រាល់​គ្នា​ផង​ដែរ។​

អណ្តាត​តូច​ទេ តែ​វា​អាច​នាំ​មក​នូវ​វិនាស​កម្ម​ដ៏​ធ្ងន់​ធ្ងរ។​

អណ្តាត​ដ៏​តូច​របស់​យើង មាន​អំណាច​ណាស់ ប៉ុន្តែ ព្រះ​ដ៏​ធំ​របស់​យើង មាន​អំណាច​ជាង។…